ato logo
Search Suggestion:

គោលការណ៍សំខាន់ៗនៃប្រាក់សោធននិវត្តន៍របស់អ្នក

Last updated 27 June 2022

ការណែនាំមូលដ្ឋានស្តីពីអ្វីទៅជាប្រាក់សោធននិវត្តន៍ វិធីសន្សំវា និងអ្វីដែលអ្នកអាចធ្វើបានដើម្បីបង្កើនវា។

នៅលើទំព័រនេះ

តើអ្វីទៅជាប្រាក់សោធននិវត្តន៍?

ប្រាក់សោធននិវត្តន៍ ឬក៏ 'super' គឺជាប្រាក់ដែលនិយោជករបស់អ្នករក្សាទុកនៅក្នុងជីវិតការងាររបស់អ្នក សម្រាប់ឱ្យអ្នករស់នៅបាន នៅពេលអ្នកចូលនិវត្តន៍ពីការងារ។

Super គឺមានសារៈសំខាន់សម្រាប់អ្នក ពីព្រោះអ្នកសន្សំបានកាន់តែច្រើន អ្នកនឹងមានប្រាក់កាន់តែច្រើនសម្រាប់ការចូលនិវត្តន៍របស់អ្នក។

អ្នកអាចដកប្រាក់ super របស់អ្នកបាន តែនៅក្នុងកាលៈទេសៈជាក់លាក់ប៉ុណ្ណោះ –ឧទាហរណ៍ នៅពេលអ្នកចូលនិវត្តន៍ ឬក៏នៅពេលអ្នកមានអាយុ 65ឆ្នាំ។

តើខ្ញុំសន្សំប្រាក់សោធននិវត្តន៍តាមរបៀបណា?

សម្រាប់មនុស្សភាគច្រើន និយោជករបស់អ្នកបង់ប្រាក់ – ‘បដិភាគ’– ចូលក្នុងគណនី super សម្រាប់អ្នក។ គេហៅប្រាក់បដិភាគនេះថា ‘ការធានា super’ ។ ពួកគេបង់ប្រាក់បដិភាគទាំងនេះពីលើប្រាក់ខែ និងប្រាក់ឈ្នួលរបស់អ្នក។ មានច្បាប់ស្តីពីចំនួនប្រាក់ super ដែលនិយោជករបស់អ្នកត្រូវបង់។

ចាប់ពីថ្ងៃទី1 ខែកកក្កដា ឆ្នាំ2022 ទៅ និយោជករបស់អ្នកអាចត្រូវការបង់ប្រាក់បដិភាគចូលក្នុងប្រាក់ super របស់អ្នក ដោយមិនគិតថាអ្នកទទួលបានប្រាក់ប៉ុន្មានក្នុងមួយខែនោះទេ។ បើសិន អ្នកមានអាយុក្រោម 18 ឆ្នាំ អ្នកត្រូវការធ្វើការច្រើនជាង 30 ម៉ោងក្នុងមួយសប្តាហ៍ដើម្បីមានសិទ្ធិទទួលបាន។

គេកំណត់សិទ្ធិទទួលបានរបស់អ្នក នៅពេលអ្នកទទួលបានប្រាក់ខែ និងប្រាក់ឈ្នួល មិនមែននៅពេលរកបានប្រាក់ចំណូលនោះទេ។ នេះមានន័យថា បើសិនអ្នកទទួលបានប្រាក់នៅ ឬក៏បន្ទាប់ពីថ្ងៃទី1 ខែកកក្កដា ឆ្នាំ2022 អ្នកនឹងទទួលបានប្រាក់ super ដោយមិនគិតថាអ្នករកប្រាក់បានប៉ុន្មាននោះទេ។ នេះអនុវត្តបាន ទោះជាអំឡុងពេលទទួលបានប្រាក់មួយចំនួន នៅមុនថ្ងៃទី1 ខែកកក្កដា ឆ្នាំ2022 ក៏ដោយ។

រហូតដល់ថ្ងៃទី1 ខែកកក្កដា ឆ្នាំ2022 អ្នកត្រូវការទទួលបានប្រាក់ ចំនួន 450 ដុល្លារ ឬក៏ច្រើនជាងនេះក្នុងមួយខែ (មុនបង់ពន្ធ) ដើម្បីទទួលបានប្រាក់ super ។

នេះអនុវត្តបាន ទោះជាអ្នកធ្វើការពេញម៉ោង ពាក់កណ្តាលម៉ោង បណ្តែត ហើយបើសិន អ្នកជាជនតាំងលំនៅបណ្តោះអាសន្នក៏ដោយ។ អ្នកក៏អាចមានសិទ្ធិទទួលបានប្រាក់ super បើសិន អ្នកជាអ្នកម៉ៅការដែលទទួលបានប្រាក់ជាចម្បងពីពលកម្ម ទោះបី អ្នកមានលេខបញ្ជីអាជីវកម្មអូស្ត្រាលី (ABN) ក្តី។

តើគេបង់ប្រាក់ចំនួនប៉ុន្មានចូលក្នុងប្រាក់សោធននិវត្តន៍របស់ខ្ញុំ?

រដ្ឋាភិបាលតម្រូវឱ្យនិយោជករបស់អ្នកបង់ចំនួនប្រាក់អប្បបរមា ដោយផ្អែកលើ អត្រាធានាប្រាក់ super បច្ចុប្បន្ន នៃប្រាក់រកបានក្នុងពេលធ្វើការធម្មតារបស់អ្នកចូលក្នុងប្រាក់ super ។ ប្រាក់ super នេះត្រូវបានកំណត់ឱ្យឡើងជាបណ្តើរៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ប្រាក់រកបានក្នុងពេលធ្វើការធម្មតារបស់អ្នកគឺជាអ្វីដែលអ្នករកបានជាទូទៅ ក្នុងពេលធ្វើការធម្មតា ដោយរាប់បញ្ចូលទាំង ប្រាក់រង្វាន់ ប្រាក់បន្ថែមជាក់លាក់ ប្រាក់ឧបត្ថម្ភ ហើយនិងការសម្រាកដែលទទួលបានប្រាក់ខែ។ ជាទូទៅ ប្រាក់ធ្វើការលើសម៉ោងមិនរាប់បញ្ចូលនៅក្នុងប្រាក់រកបានក្នុងពេលធ្វើការធម្មតាទេ។

អ្នកក៏អាចបន្ថែមប្រាក់របស់អ្នកផ្ទាល់ចូលក្នុងប្រាក់សន្សំ super របស់អ្នក ហើយរដ្ឋាភិបាលអូស្ត្រាលីជួនកាល បង់ប្រាក់ចូលប្រាក់ super របស់អ្នកដែរ

តើធ្វើដូចម្តេច បើសិននិយោជករបស់ខ្ញុំមិនបានបង់ប្រាក់សោធននិវត្តន៍ត្រឹមត្រូវ?

សូមនិយាយជាមួយនិយោជករបស់អ្នក។ សូមសួរពួកគេថា៖

  • ពួកគេបង់ប្រាក់ super របស់អ្នកញឹកញាប់ប៉ុណ្ណា
  • ពួកគេបង់ប្រាក់ super ចូលក្នុងមូលនិធិណាមួយ
  • ពួកគេបង់ប្រាក់ super ចំនួនប៉ុន្មាន។

អ្នកក៏អាចប្រើ ឧបករណ៍សម្រាបប៉ាន់ប្រមាណប្រាក់ super របស់ខ្ញុំ ដើម្បីគណនា បើសិន៖

  • អ្នកមានសិទ្ធិទទួលបានប្រាក់បដិភាគធានាប្រាក់ super
  • និយោជករបស់អ្នកបង់ចំនួនប្រាក់ super ត្រឹមត្រូវ។

ពិនិត្យមើលសេចក្តីប្រកាសរបស់សមាជិកចុងក្រោយពីមូលនិធិ super របស់អ្នក ឬក៏ទាក់ទងមូលនិធិ ដើម្បីបញ្ជាក់ថានិយោជករបស់អ្នកបានបង់ប្រាក់ super របស់អ្នករួច។

បើសិន អ្នកនៅតែជឿថា និយោជករបស់អ្នកមិនបង់ប្រាក់ super តាមចំនួនដែលអ្នកមានសិទ្ធិទទួលបាន អ្នកអាចហៅទូរស័ព្ទមកយើង តាមលេខ 13 10 20

តើខ្ញុំគួរប្រុងប្រយ័ត្នអំពីអ្នកផ្សាយពាណិជ្ជកម្មដែលផ្តល់ការបើកប្រាក់សោធននិវត្តន៍មុនពេលកំណត់ឬទេ?

សូមប្រុងប្រយ័ត្នអំពីអ្នកផ្សាយពាណិជ្ជកម្មដែលផ្តល់នូវផែនការផ្សេងៗ ដើម្បីបើកប្រាក់សន្សំ super របស់អ្នកជាមុន នៅមុនពេលអ្នកចូលនិវត្តន៍។ អ្នកផ្សាយពាណិជ្ជកម្មពីផែនការទាំងនេះនឹងប្រាប់អ្នកថា ពួកគេអាចជួយអ្នកបើកប្រាក់សន្សំ super របស់អ្នក ដោយមូលហេតុនានា ដូចជាសម្រាប់សងបំណុល ទិញផ្ទះ ទិញឡាន ឬក៏ទៅសម្រាក។ គម្រោងទាំងនេះគឺខុសច្បាប់ ហើយទទួលការផាកពិន័យធ្ងន់ធ្ងរ បើសិនអ្នកចូលរួម។

ឧទាហរណ៍Phil ជៀសវាងអន្ទាក់

ខ្ញុំបានសន្សំប្រាក់សម្រាប់ទិញឡាន ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ។ អ្នកធ្វើការជាមួយម្នាក់បានប្រាប់ខ្ញុំអំពីមិត្តរបស់គាត់ ដែលអាចជួយខ្ញុំដកប្រាក់ super របស់ខ្ញុំខ្លះដើម្បីជួយបង់ថ្លៃឡាន។

ជាកុសល ខ្ញុំបានពិនិត្យវ៉ិបសាយថ៍របស់ ATO ហើយបានដឹងថាការធ្វើបែបនេះគឺខុសច្បាប់។ ប្រាក់ដែលខ្ញុំអាចនឹងដកនោះនឹងត្រូវបានជាប់ពន្ធ 45 ភាគរយ។ ខ្ញុំក៏នឹងត្រូវទទួលការផាកពិន័យ និងអាចជាប់ពន្ធធនាគារថែមទៀត –ជាកំហុសដែលត្រូវបង់ថ្លៃខ្ពស់ណាស់មួយ។

End of example

ព័ត៌មាននេះក៏មានជា ភាសាផ្សេងៗទៀតដែរ

តើខ្ញុំជ្រើសរើសមូលនិធិប្រាក់សោធននិវត្តន៍តាមរបៀបណា?

មនុស្សភាគច្រើនអាចជ្រើសរើសមូលនិធិ super ដែលពួកគេចង់ឱ្យនិយោជករបស់ពួកគេបង់ប្រាក់បដិភាគចូល។ បើសិន អ្នកមានសិទ្ធិទទួលបាន និយោជករបស់អ្នកត្រូវតែផ្តល់ដល់អ្នកនូវ ទម្រង់ជម្រើសស្តង់ដារសម្រាប់ប្រាក់សោធននិវត្តន៍ ក្នុងរយៈពេល 28 ថ្ងៃនៃថ្ងៃដែលអ្នកបានចាប់ផ្តើមធ្វើការឱ្យពួកគេ ដូច្នេះអ្នកធ្វើជម្រើសជាលាយលក្ខណ៍អក្សរ។

ចាប់ពីថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2021 មក និយោជករបស់អ្នកអាចបានចាត់វិធានការដើម្បីអនុវត្តតាមបទបញ្ញត្តិជម្រើសមូលនិធិ បើសិនអ្នកមិនជ្រើសរើសមូលធិនិ super ទេ។ ពួកគេអាចត្រូវការស្នើសុំព័ត៌មានលម្អិតស្តីពី មូលនិធិ super មានស្រាប់ដែលភ្ជាប់ទៅនឹងនិយោជក (stapled super fund) ពីយើង បើសិនអ្នកមិនជ្រើសរើសមូលនិធិ super ទេ។

Stapled super fund គឺជាគណនី super ដែលមានស្រាប់ដែលភ្ជាប់ ឬក៏ 'កឹបភ្ជាប់' ទៅនឹងនិយោជិកនីមួយៗ ដើម្បីឱ្យគណនីនេះទៅតាមនិយោជិក នៅពេលពួកគេប្តូរការងារ។

យើងនឹងជម្រាបជាដំណឹងដល់អ្នក បើសិននិយោជករបស់អ្នកស្នើសុំ stapled super fund ហើយនិងព័ត៌មានលម្អិតមូលនិធិដែលយើងបានផ្តល់។

និយោជកទាំងអស់បានជ្រើសរើសមូលនិធិ super ឬក៏ ‘មូលនិធិដែលនិយោជកជ្រើសរើស (default fund)’ ដែលពួកគេអាចបង់ប្រាក់ធានា super សម្រាប់និយោជិករបស់ពួកគេ ដែលមិនបានជ្រើសរើសមូលនិធិដែលគេពេញចិត្ត ហើយមិនមាន stapled super fund ។

បើសិន អ្នកចង់បង់ប្រាក់បដិភាគរបស់អ្នកចូលក្នុងគណនី super ដែលមានស្រាប់ ប៉ុន្តែមិនអាចចងចាំព័ត៌មានលម្អិតនៃគណនីមូលនិធិ super របស់អ្នក អ្នកអាចប្រើ myGov ដើម្បីមើលគណនី super ទាំងអស់របស់អ្នកបាន។

YourSuper comparison tool នឹងជួយអ្នកប្រៀបធៀបផលិតផលនានានៃ MySuper និងជ្រើសរើសមូលនិធិ super ដែលឆ្លើយតបតាមតម្រូវការរបស់អ្នក។

វាមិនដែលលឿនពេកទេ ដើម្បីចូលរួមក្នុង super របស់អ្នក។ សូមជ្រើសរើសមូលនិធិ super របស់អ្នក ហើយចូលរួមជាប្រចាំ ពីព្រោះជម្រើសនានាដែលអ្នកធ្វើនៅថ្ងៃនេះនឹងជួយរៀបចំជម្រើសរបៀបរស់នៅសម្រាប់អ្នកនៅពេលអនាគត។

តើខ្ញុំតាមដានការសន្សំប្រាក់សោធននិវត្តន៍របស់ខ្ញុំតាមរបៀបណា?

ការធ្វើឱ្យប្រាកដថា មូលនិធិ super របស់អ្នកមានលេខបញ្ជីពន្ធ(TFN) របស់អ្នកនឹងធ្វើឱ្យមានលក្ខណៈងាយស្រួលដើម្បីតាមដានប្រាក់ super របស់អ្នក ប្តូរវាពីគណនីមួយទៅមួយទៀត ហើយនិងទទួលការបង់ប្រាក់ super ពីនិយោជករបស់អ្នក ឬក៏រដ្ឋាភិបាល។

អ្នកអាចពិនិត្យមើលថាតើមូលនិធិរបស់អ្នកមានលេខបញ្ជីពន្ធ (TFN) ដោយមើលសេចក្តីប្រកាសនានាដែលពួកគេផ្ញើឱ្យអ្នក។

តាមដានប្រាក់ super របស់អ្នក ដោយប្រើ myGov

អ្នកអាចបង្កើតគណនី myGov និងភ្ជាប់ក្រសួងពន្ធដារ (ATO) ទៅនឹងគណនីនេះ ដើម្បីឱ្យអ្នកអាច៖

  • មើលឃើញព័ត៌មានលម្អិតនៃគណនី super របស់អ្នកទាំងអស់ ដោយរាប់បញ្ចូលទាំងគណនីណាដែលអ្នកមិនអាចតាមដានបាន ឬក៏បានភ្លេចអំពី
  • ការប្រើប្រាស់ YourSuper comparison tool ដើម្បីប្រៀបធៀបសមិទ្ធិកម្ម និងប្រាក់ឈ្នួលនៃគណនី super របស់អ្នកទៅនឹងផលិតផល MySuper ផ្សេងទៀត
  • សូមស្វែងរកប្រាក់ super ដែលរក្សាទុកដោយ ATO ។ បើសិន រដ្ឋាភិបាល មូលនិធិ super របស់អ្នក ឬនិយោជករបស់អ្នកមិនអាចរកគណនីឃើញដើម្បីបញ្ជូនប្រាក់ super ទៅ យើងរក្សាវាទុក ក្នុងនាមរបស់អ្នក
  • សូមដាក់គណនី super ច្រើនបញ្ចូលគ្នា ដោយបញ្ជូនប្រាក់ super របស់អ្នកចូលទៅក្នុងគណនីដែលអ្នកពេញចិត្ត – បើសិននេះគឺជាការបញ្ជូនពីមូលនិធិមួយទៅកាន់មូលនិធិមួយទៀត ជាទូទៅវានឹងទូទាត់ក្នុងរយៈពេលបីថ្ងៃធ្វើការ។

ជំហានបន្ទាប់

តើខ្ញុំបង្កើនប្រាក់សោធននិវត្តន៍របស់ខ្ញុំតាមរបៀបណា?

ក៏ដូចជាប្រាក់បដិភាគដែលនិយោជករបស់អ្នកបង់ដែរ អ្នកអាចបន្ថែមប្រាក់ super របស់អ្នក ដោយបង់ប្រាក់បដិភាគរបស់អ្នកផ្ទាល់។ អ្នកអាច ‘បរិច្ចាកប្រាក់ខែ’ ចូលទៅប្រាក់ super ចេញពីប្រាក់ចំណូលមុនបង់ពន្ធរបស់អ្នក ឬក៏បង់ប្រាក់បដិភាគចូលទៅប្រាក់ super ចេញពីប្រាក់ចំណូលបន្ទាប់ពីបង់ពន្ធរបស់អ្នក។

មានដែនកំណត់ដែលហៅថា ‘កម្រិតកំណត់’ ទៅលើចំនួនប្រាក់បដិភាគដែលអ្នកអាចបង់ចូលប្រាក់ super របស់អ្នក រាល់ឆ្នាំសារពើពន្ធ ដោយមិនបាច់បង់ពន្ធបន្ថែម។ បើសិន អ្នកបង់ប្រាក់បដិភាគលើសពីកម្រិតកំណត់ទាំងនេះ អ្នកអាចត្រូវ បង់ពន្ធបន្ថែម ។ បើសិន អ្នកកំពុងរៀបចំផែនការបង់ប្រាក់បដិភាគច្រើនជាង 27.500 ដុល្លារទៅក្នុងប្រាក់ super របស់អ្នក (ដោយរាប់បញ្ចូលទាំងប្រាក់បដិភាគរបស់និយោជក) សូមស្វែងរកដំបូន្មានពីអ្នកវិជ្ជាជីវៈដែលមានលក្ខណៈសម្បត្តិសមស្រប។

ប្រាក់បដិភាគ super របស់រដ្ឋាភិបាល

បើសិន អ្នកជាអ្នករកប្រាក់ចំណូលទាប ឬក៏ធម្យម អ្នកអាចមានសិទ្ធិទទួលបាន ប្រាក់បដិភាគ super ពីរដ្ឋាភិបាលអូស្ត្រាលី។

សូមដាក់ពាក្យទូទាត់ពន្ធ ដើម្បីឱ្យយើងអាចពិនិត្យថាតើ អ្នកមានសិទ្ធិទទួលបានប្រាក់សហបដិភាគរហូតដល់ 500 ដុល្លារឬក៏ឥត។ វាមានសារៈសំខាន់ដែលអ្នកត្រូវដាក់ពាក្យទូទាត់ ទោះជាអ្នកមិនគិតថា អ្នកនឹងទទួលបានប្រាក់សងវិញក៏ដោយ។ អ្នកមិនត្រូវការដាក់ពាក្យសុំប្រាក់សហបដិភាគទេ។

តើខ្ញុំបើកផលប្រយោជន៍នៃប្រាក់សោធននិវត្តន៍តាមរបៀបណា?

ជាទូទៅ អ្នកអាចបើកប្រាក់ super របស់អ្នក នៅពេលអ្នកចូលនិវត្តន៍។ ទោះជាយ៉ាងណាក្តី មានកាលៈទេសៈមួយចំនួនដែលអ្នកអាចបើកប្រាក់សន្សំ super របស់អ្នក មុនពេលកំណត់បាន ដូចជាករណីខ្វះខាតលុយខ្លាំង និងស្ថានភាពជំងឺជាក់លាក់នានា។

បើសិន អ្នកត្រូវការប្រាក់ super ដែលអ្នកបានសន្សំទុកខ្លះមុនពេលកំណត់ ដោយស្របតាមច្បាប់ សូមសួរមូលនិធិ super របស់អ្នក អំពីថាតើអ្នកអាចបើកប្រាក់បាន នៅមុនពេលដាក់ពាក្យសុំឬក៏ឥត។

ជនតាំងលំនៅបណ្តោះអាសន្នដែលចាកចេញពីប្រទេសអូស្ត្រាលី

បើអ្នកជាជនតាំងលំនៅបណ្តោះអាសន្នដែលធ្វើការនៅប្រទេសអូស្ត្រាលី ហើយអ្នកមានសិទ្ធិទទួលបានប្រាក់ super និយោជករបស់អ្នកត្រូវតែបង់ប្រាក់បដិភាគធានា super សម្រាប់អ្នក។ អ្នកអាចទទួលបានប្រាក់ super របស់អ្នក នៅពេលអ្នកបានចាកចេញពីប្រទេសអូស្ត្រាលី។ ការបង់ប្រាក់នេះគេហៅថា Departing Australia super payment (DASP) ។

ជនជាតិណូវែលសេឡង់ និងជនតាំងលំនៅអចិន្ត្រៃយ៍នៃប្រទេសអូស្ត្រាលីមិនមានសិទ្ធិទទួលបានប្រាក់ super នេះទេ។

ដើម្បីមើលថាតើ អ្នកមានសិទ្ធិទទួលបានឬក៏ឥត ហើយដាក់ពាក្យសុំ DASP តាមអនឡាញ ឬក៏ទាញយកទម្រង់ពាក្យសុំជាក្រដាស សូមចូលមើល ជនតាំងលំនៅបណ្តោះអាសន្ន និងប្រាក់ super

ប្រាក់ super ពីប្រទេសក្រៅ

បើសិន អ្នកកំពុងយកប្រាក់របស់ខ្លួនផ្ទាល់ ឬមូលនិធិចូលនិវត្តន៍ពីប្រទេសក្រៅ អាចមានបទបញ្ញត្តិពន្ធពិសេសដែលអ្នកត្រូវការដឹង។ សូមនិយាយជាមួយទីប្រឹក្សាហិរញ្ញវត្ថុ ឬក៏ទីភ្នាក់ងារអន្តោប្រវេសន៍របស់អ្នក។

ព័ត៌មានបន្ថែម

បើសិន អ្នកចង់ដឹងបន្ថែមអំពីប្រាក់ super សូមចូលមើល ato.gov.au/individuals/super ឬក៏ហៅទូរស័ព្ទមកយើងតាមលេខ 13 10 20

បើសិន អ្នកមិននិយាយភាសាអង់គ្លេសបានល្អ ហើយចង់និយាយជាមួយមន្ត្រីពន្ធដារ សូមហៅទូរស័ព្ទទៅសេវាបកប្រែភាសាផ្ទាល់មាត់ និងសំណេរ តាមលេខ 13 14 50 សម្រាប់សុំជំនួយនៅពេលអ្នកនិយាយទូរស័ព្ទ។

QC45083